សម្ដេច​ក្រឡាហោម ស ខេង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា​-​ថៃ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ @.​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា​-​ថៃ ខេត្តបន្ទាយមានជ័យ ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ កឹម​យ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​។

​យោងតាម​របាយការណ៍​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង យូរ​អ៊ា​ន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ អគារ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កម្ពុជា ថៃ បាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ និង​បានបញ្ចប់​ការសាងសង់​កាលពី​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១ ដោយ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ចំនួន​១៧​ប៊ី​លាន​១៣​លាន​រៀល​។

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​បន្តថា អគារ​ទាំងនេះ​រួមមាន អគារ​បំពេញបែបបទ​ចេញចូល មាន​ទំហំ​៣៥,៨០​ម៉ែត្រ គុណ​៥៦,៣៩​ម៉ែត្រ កម្ពស់​៣​ជាន់ បំពាក់​ដោយ​ឧបករណ៍ បរិក្ខា​អគ្គីសនី ម៉ាស៊ីនត្រជាក់ កង្ហារ​ប៊ឺ​ត​ខ្យល់ បណ្ដាញ​ការពារ​អគ្គិភ័យ កាំ​មេ​រ៉ា​សុវត្ថិភាព ប្រព័ន្ធ​ទូរ​សព្ទ ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ប្រព័ន្ធ​សំឡេង ប្រព័ន្ធ​ការពារ​រន្ទះ ជណ្ដើរយន្ត​ចំនួន​៤ និង​ចែកជា​ពីរ​ផ្នែក ផ្នែក​ខាងស្ដាំ​ប្រើប្រាស់​សម្រាប់​អ្នកដំណើរ​ចេញ និង​ផ្នែក​ខាងឆ្វេង​សម្រាប់​អ្នកដំណើរ​មកដល់​។​

​ឯកឧត្តម​បន្តថា ទន្ទឹមគ្នានេះ​ក៏បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្រៅ​អគារ រួមមាន​ជួសជុល​កែលម្អរ​អគារ​បំពេញបែបបទ​ចាស់​សម្រាប់​មន្ត្រី​ស្នាក់នៅ សាងសង់​អគារ​សម្រាប់​អ្នកដំណើរ​រង់ចាំ​ចេញ​និង​មកដល់​ចំនួន​២​ខ្នង ស្ថាបនា​ផ្លូវ​បេ​តង់​អ៊ុត​កៅស៊ូ រៀបចំ​សួនច្បារ តម្លើង​បង្គោល​ភ្លើង​បំភ្លឺ សាងសង់​របង​ព័ទ្ធជុំវិញ តម្លើង​ត្រង់​ស្វ័​រ​និង​ត​បណ្ដាញទឹក​ចូល​បរិវេណ​អគារ​។ ឯកឧត្តម​បន្ថែម​សមិទ្ធផល​នេះ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ បង្ការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន ឆ្លើយ​ប​តាម​សំណូមពរ និង​ស្ថានភាព​ជាក់ស្ដែង​របស់​ម​ន្ត្រី​ជំនាញ​។

​នាឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ដែល​បាន​យកចិត្តទុកដាក់​យ៉ាងសកម្ម​ជាមួយ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត ព្រមទាំង​ក្រុម​វិស្វករ​ជំនាញ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ជម្នះ​ការលំបាក​ផ្សេងៗ​រហូត​ធ្វើឱ្យ​សម្រេចបាន​សមិទ្ធ​ដែល​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​។​

​សម្ដេច​ក្រឡាហោម បាន​រម្លឹកថា​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នេះ ជា​ច្រកទ្វារ​ឆ្លងកាត់​ព្រំដែន​មាន​អាយុកាល​ចំណាស់​មួយ​នៅ​កម្ពុជា​។ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ពិសេស​រដ្ឋបាលខេត្ត​ស្រះកែវ ដែលជា​និច្ច​ជា​កាល​បានផ្ដល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​កម្ពុជា រួមចំណែក​អភិវឌ្ឍន៍​តំបន់​ប៉ោត​ប៉ែត​និយាយ​ដោយឡែក និង​ព្រះរាជាណាចក្រ​កម្ពុជា​និយាយ​ជារួម​។
​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ដែល​បាន​ខិតខំ​អភិវឌ្ឍ​ក្រុង​ឱ្យមាន​ការរីកចំរើន​ជា​បន្តបន្ទាប់ ជាពិសេស​ក្រោយពេល​រាជរដ្ឋាភិបាល​សម្រេច​ប​ង្កើ​ត​ក្រុង​ប៉ោយប៉ែត​។

​សម្ដេច​បាន​គូសបញ្ជាក់ថា​ច្រកទ្វារ​អន្តរជាតិ​នេះ ប្រៀបបាន​នឹង​កន្លែង​ផ្ដល​សេវាសាធារណៈ​មួយ​ជូន​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​ត្រូវ​ធ្វើដំណើរ ដឹក​ជំ​និ​ញ ចេញចូល តាម​គ្រប់​មធ្យោបាយ និង​ចម្រុះ​ជាតិ​សាសន៍ ដូច្នេះ​មន្ត្រី​ពាក់ព័ន្ធ​មាន​តួនាទី​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង រួមទាំង​ការត្រួតពិនិត្យ​ដើម្បី​រកឱ្យឃើញ​បទល្មើស​នៃ​ការចេញចូល​នោះដែរ​។ សម្ដេច​បន្ថែមថា​ច្រកទ្វារ​អន្តរជាតិ​នេះ​ក៏​ជា​ច្រកទ្វារ​សំខាន់​នៃ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរណ៍​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៥ និង​ខេត្តសៀមរាប​តាមផ្លូវ​ជាតិ​លេខ​៦​ផងដែរ​៕​ ដកស្រង់ចេញពីហ្វេសប៊ុក សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *