សង្គម

ពិធីប្រកាសចូលកាន់មុខតំណែងនាយសេនាធិការកងទ័ពជើងគោក បានប្រព្រឹត្តទៅក្រោមអធិបតីភាព អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យប្រកាសតែងតាំងមុខតំណែង ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងគោក ជំនួស នាយឧត្ដមសេនីយ៍ ជា សារ៉ន ដែលត្រូវទៅទទួលភារកិច្ចថ្មីជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ។ 
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
ក្នុងរបាយការណ៍ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ពីការរីកចម្រើនលើគ្រប់ផ្នែករបស់ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានភាពម្ចាស់ការបំពេញភារកិច្ចស្នូល ការងារហ្វឹកហ្វឺន ការចូលរួមស្តារ អភិវឌ្ឍន៍សង្គមជាតិ រួមទាំងកិច្ចសហការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។ 
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងយោធពលខេមរភូមិន្ទ គ្រប់បណ្ដាប្រភេទទ័ព ដែលបានយកចិត្តទុកដាក់អនុវត្តន៍ តួនាទីភារកិច្ចការពារបូរណភាពទឹកដី ជាពិសេសបានចូលជ្រៅដល់ដំណើរការកំណែទម្រង់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានខិតខំជម្នះគ្រប់ឧបសគ្គ និងសម្រេចបានលទ្ធផលគួរជាទីមោទន និងបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពស្នាដៃរបស់ ឧត្ដមសេនីយ៍ឯក ខឹមជា សាឃឿន ដែលបានខិតខំយកអស់ស្មារតីទទួលខុសត្រូវក្នុងកិច្ចការបំរើជាតិ មាតុភូមិ នាពេលកន្លងមក។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបន្តថា ត្រូវចូលរួមការពារសន្តិភាពឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ និងត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្ស សម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត រួមទាំងការពិនិត្យឱ្យបានត្រឹមត្រូវ ការតម្លើងឋានន្តរសក្ដិ សមស្របតាមមុខតំណែង ច្បាប់លក្ខន្តិកៈរបស់ កងយោធពលខេមរភូមិន្ទ និងជំរុញការគ្រប់គ្រងអចលនទ្រព្យរបស់រដ្ឋ នៅតាមបណ្ដាកងឯកភាពឱ្យបានល្អ៕