ភ្នំពេញ៖ នៅទីបំផុត លោក ឈួន សុខលីម ជាអ្នកគ្រប់គ្រង និងដឹកនាំផលិតបទចម្រៀង តើអ្នកព្រៃវែងអាក្រក់ត្រង់ណា បានចេញមុខសុំទោសមហាជនជាសាធារណៈពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ដែលមានទីកន្លែងកំណើតចេញមកពីទឹកដី នៃខេត្តព្រៃវែង ទាំងអស់។
ការចេញមុខសុំទោសជាសាធារណៈពីសំណាក់ លោក ឈួន សុខលីម នាពេលនេះបានធ្វើឡើងភ្លាមៗក្រោយពេលផ្ទុះការរិះគន់និងបញ្ចេញប្រតិកម្មយ៉ាងគំហុកពីសំណាក់មហាជនបន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយនូវបទ តើអ្នកព្រៃវែងអាក្រក់ត្រង់ណា ? ដែលនៅក្នុងអត្ថន័យបទនេះ បានច្រៀងប្រមាថធ្ងន់ធ្ងរចំពោះអ្នករស់នៅខេត្តព្រៃវែង ។
ផ្អែកតាមការលើកឡើងរបស់ លោក ឈួន សុខលីម ដែលជាអ្នកគ្រប់គ្រងផលិតកម្មមរតកមេឌៀ បានថ្លែងថា ខ្ញុំបាទ ឈួន សុខលីម ជាអ្នកគ្រប់គ្រងនិងជាអ្នកដឹកនាំផលិតបទចម្រៀង តើអ្នកព្រៃវែងអាក្រក់ត្រង់ណា? នៅក្នុងផលិតកម្ម ផេកហ្វ៊េសបុក ឆាណែលយូធូប ផលិតកម្មមរតកមេឌៀ បានទទួលស្គាល់នូវកំហុសនិងសុំទោសពីចម្ងាយចំពោះបងប្អូនអ្នកខេត្តព្រៃវែង។
ជាពិសសេស គឺប្រមុខដឹកនាំមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាថ្នាក់ដឹកនាំ និងជាកូនអ្នកព្រៃវែង និងឯកឧត្តម ស សុខា ដែលជាថ្នាក់ដឹកនាំចុះជួយខេត្តព្រៃវែង និងមន្ត្រី នៃគណៈអភិបាលខេត្តព្រៃវែង រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក ឈួន សុខលីម បានចាត់ទុកការនិពន្ធបទចម្រៀង ដែលមានការរិះគន់នេះថា ជាការនិពន្ធក្មេងខ្ចី។
លោកអះអាងថា និងកែប្រែរាល់កំហុសខុសឆ្គងទាំងអស់ ដោយមិនបន្តឲ្យមានការរើសអើសបែបនេះទៀតទេ ។
នាពេលថ្មីៗនេះ មហាជនជាច្រើនបានប្រតិកម្មយ៉ាងខ្លាំងចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលសម្ដែងបទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា ។ នៅក្នុងការសម្ដែងនោះ ត្រូវបានអ្នកដើរតួបញ្ចេញពាក្យសម្ដី និងកាយវិការ មើលងាយដល់អ្នកខេត្តព្រៃវែង ។
ជុំវិញករណីនេះ រដ្ឋបាលខេត្តព្រៃវែង បានចាត់ទុកបទចំរៀងនេះថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស សេចក្តីថ្លៃថ្នូរ និងសតិអារម្មណ៍ ប្រជាពលរដ្ឋខេត្តព្រៃវែង ជាដើម។
រដ្ឋបាលខេត្តព្រៃវែង ក៏បានស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការ ចំពោះផលិតកម្ម មរតក មេឌៀ (Morodok Media) ដែលបានបង្ហោះឃ្លីបវីដេអូ បទចម្រៀង អ្នកព្រៃវែងអាក្រក់ត្រង់ណា ផងដែរ៕