អុញនោះ ដឹងដល់សម្តេច តេជោ ហ៊ុន សែន ទេដឹង  មន្រ្តីថ្នាក់ក្រោម ព្យាយាមបិតបាំង ក្រោយ ពីឈូសផ្ទះពលរដ្ឋដោយ មិនព្រមដោះស្រាយសំណងជូន រាស្ត្រ

អុញនោះ ដឹងដល់សម្តេច តេជោ ហ៊ុន សែន ទេដឹង  មន្រ្តីថ្នាក់ក្រោម ព្យាយាមបិតបាំង ក្រោយ ពីឈូសផ្ទះពលរដ្ឋដោយ មិនព្រមដោះស្រាយសំណងជូន រាស្ត្រ

ទោះជាយ៉ាងណាកន្លងមកប្រជាពលរដ្ឋស្ទើរតែមួយនគរទៅហើយ ដែលមានជំនឿលើរូបលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាថ្នាក់ដឹកនាំដែលមានគុណធម៌ អ្វីដែលរូបលោកផ្តល់យុត្តិធម៌ជូន សង្គម គឺមានភាពសមហេតុសមផលជានិច្ច ជាពិសេសនៅរាល់គម្រោងការកសាងសមិទ្ធិផលនា នា ដូចជាការពង្រីកផ្លូវជាតិជាច្រើនកន្លែង ដែលប៉ះពាល់ រូបលោកតែងបានណែនាំឲ្យមន្ត្រី គិតគូរ ដល់រាស្ត្រជានិច្ច ផ្ទុយទៅវិញអភ័ព្វតែពលរដ្ឋ២១គ្រួសារ ដែលត្រូវបានឈូសឆាយផ្ទះសម្បែងយក ធ្វើផ្លូវស្ពានអាកាសអស់រយៈពេលជិត២ឆ្នាំទៅហើយ ចំណេកឯសំណងដែលផ្តល់ជូនដល់រូបគាត់ គឺនៅតែសូន្យដដែល លទ្ធផលចុងក្រោយ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ អះអាង គ្មានសំណង ណាឲ្យពលរដ្ឋ នោះទេ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ តំណាងឲ្យប្រជាពលរដ្ឋ២១គ្រួសារ ដែលមានលំនៅដ្ឋានស្ថិតនៅភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានស្នើសុំ ឲ្យក្រុមអ្នកសារព័ត៌មាន ចុះជួបសម្ភាសន៌ នឹងជួយពាំនាំអំពីទុក្ខលំបាករបស់ពួកគាត់ជម្រាបជូនដល់ ថ្នាក់ដឹកនាំបានជ្រាប ។

ប្រជាពលរដ្ឋទាំងអស់នោះបានបញ្ជាក់ថា ពួកគាត់បានមករស់នៅលើដីនេះ តាំងពីឆ្នាំ១៩៨៩ និង អ្នកខ្លះ ទៀតបានមករស់នៅក្នុងឆ្នាំ១៩៩២ ដោយមានការទទួលស្គាល់ពីអាជ្ញាធរផងដែរ ក្នុងនោះ មិនថា សកម្មភាពមនុស្សធម៌ ឬក៏សកម្មភាពបោះឆ្នោតជ្រើសរើសតំណាងសភាជាតិ ឬក៏ការបោះ ឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់អ្វីនោះទេ គឺពួកគាត់ទាំងអស់គ្នា តែងតែចូលរួមជាមួយថ្នាក់ អាជ្ញាធរយ៉ាងសកម្មបំផុត ស្រាប់ តែនៅពេលនេះ លោក ហែម ដារិទ្ធ បែរជាបដិសេធអះអាងថា ពួកគាត់រស់នៅដោយខុសច្បាប់ គឺបែបសំណង់អានាធិបតេយ្យទៅវិញ ។

ពលរដ្ឋអះអាងលើកឡើងថា កាលពីឆ្នាំ២០១៨ នៅពេលដែលរដ្ឋមានគម្រោងឈូសផ្ទះរបស់ពួក គាត់ធ្វើស្ពានអាកាស សាលាខណ្ឌពោធិ៍សែនជ័យបានព្យាយាមលួងលោមពួកគាត់ ដោយសុំឲ្យ ពួកគាត់រុះរើផ្ទះសំបែងសិន សាលាខណ្ឌនឹងចាត់ចែង ដោះស្រាយសំណងជូនពេលក្រោយ ដឹងអី ក្រោយពេលពលរដ្ឋយល់ព្រមធ្វើតាមព្រមឲ្យវាយកំទេចផ្ទះហើយនោះស្រាប់តែពេលនេះ លោក ហែម ដារិទ្ធ អះអាងថា គ្មានសំណងអ្វីនោះទេ ។

ពលរដ្ឋទាំងអស់បានសម្រក់ទឹកភ្នែក ហើយលើកឡើង ថា ពួកគាត់រស់នៅអាណាធិបេយ្យយ៉ាងម៉េច បើពួកគាត់រស់នៅតាំងពីឆ្នាំ១៩៨៩មក ហើយមិនថា រាល់ប្រតិការណ៌បោះឆ្នោត ឬក៏យ៉ាងណានោះ ទេ គឺពួកគាត់ចូលរួមយ៉ាងសកម្មណាស់ជាមួយអាជ្ញាធរ តែទីបំផុតលទ្ធផលដែលពួកគាត់ជឿជាក់ លើថ្នាក់ដឹកនាំ ហើយទទួល បានបែបនឹងឬយ៉ាណា ?

គួរបញ្ជាក់ថា កន្លងមកការកសាងផ្លូវតាមបណ្តាមួយចំនួន ទោះបីពលរដ្ឋជាច្រើនរស់នៅលើផ្លូវ រដ្ឋ ក៏គេតែងឃើញរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះគោលនយោបាយឲ្យរាស្ត្រដែរ ហើយតើ ពលរដ្ឋដូចជាពួកគាត់រស់នៅបំពេញបែបបទតាមច្បាប់ស្ទើរតែមួយជីវិតទៅហើយនោះ តើទីបំផុត ពួកគាត់ត្រូវទទួលបានលទ្ធផលដ៏សោកសង្រេង តើនេះឬជាការអភិវឌ្ឍន៌ សម័យតេជោ ។

សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើងផ្សាយតាមការស្នើសុំរបស់ពលរដ្ឋ គោលបំណង ចែករំលែកជូនថ្នាក់ដឹកនាំជ្រាបដើម្បីកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយដែលអះអាងថា ព័ត៌មានខាងលើនេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងការិយាល័យនិពន្ធយើងបាន នៅរៀង រាល់ម៉ោងធ្វើការ ៕ចេញផ្សាយ

ថ្ងៃទី ០៩ ០២ ២០២០ .ខ្មែរប្រជាប្រិយ KPN NEWS រាល់ការផ្សាយបេីមានប៉ះពាល់.ដោយប្រការណាមួយ សេចក្តីថ្លៃថ្នូរ អ្នកដទៃអង្គភាព យេីងខ្ញុំ និងធ្វេីបកស្រាយបំភ្លឺឡើងវិញ ចំពោះភាគីពាក់ព័ន្ធ.សូមអរគុណ